48

​ផ្នត់​គំនិត និង​ការ​ប្រព្រឹត្តិ​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​បច្ចុប្បន្ន

អំពើហិង្សាទាំងតាមរយៈ​កាយវិកា ពាក្យសម្តី និង​ការប្រព្រឹត្តិ​ផ្ទាល់របស់មន្រ្តី​ក្នុង​ជួរថ្នាក់នាំខ្មែរ បាន​បន្ត​​ការ​ភ័យ​ខ្លាច តក់ស្លុត និង​បាក់​ស្បាត​​ត​ទៅ​ទៀត បើ​ទោះបីជារបបខ្មែរក្រហម​បាន​​ផុ​ត​​រលត់​​យូរ​​ឆ្នាំ​​​ទៅ​​ហើយ​​ក្តី។

តើមូលហេតុអ្វី បានជា​​មេដឹកនាំ​សព្វថ្ងៃ មិនអាច​ជម្រះកម្អែលខ្មែរក្រហមនេះបាន?

អំពើហិង្សាថ្មីៗ​ និងចុងក្រោយបំផុត គឺកើត​មាន​ឡើងកាលពីខែ​មករា​ ទៅលើជនស៊ីវិល​ ដែលតវ៉ារឿងរំលោភដីធ្លី​ពី​សំណាក់​​អ្នក​មាន​ទ្រព្យ និង​មាន​​អំណាច នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

​យុវជនរងគ្រោះម្នាក់ ដែល​លុតជង្គង់​នៅនឹង​ដី ដៃជាប់​ចំណង​ទៅក្រោយ ​ត្រូវ​មន្រ្តីសមកិច្ច​ប្រដាប់​អាវុធ វាយ​នឹង​​អាវុធ​អាកា (AK) យ៉ាង​​ដំណំ។ ក្នុង​រូបភាព​​វីដេអូ របស់អ្នកឃើញហេតុការណ៍​នោះ ដែលចែកចាយបន្ត តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ទោះ​​យុវជន​ដដែល​​នោះ​ដេកដួលផ្កាប់​មុខ​ទៅនឹង​ដីទៅហើយ​ ក៏​​ត្រូវបានមន្រ្តីសមត្ថកិច្ចម្នាក់​ទៀត យក​ជើង​ធាក់​​​ជាន់​​បន្ថែម​ដូច​សត្វធាតុ។

រូបភាពនេះ នៃការវាយដំមនុស្ស ដែលជាប់ចំណងទៅក្រោយ​បែប​នេះ គឺបង្ហាញ​នូវ​ភាព​សាហាវ​ព្រៃផ្សៃ​បែប​អនុមនុស្ស​ធម៌ ​ដូច​អ្វី​​ដែល​កម្មាភិបាល​​ខ្មែរក្រហម​ប្រព្រឹត្ត​ទៅ​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​​ស្លូតត្រង់ ដែល​​គេ​ចោទ​ថា ជា​​ខ្មាំង​បដិវត្តន៍។

ទោះបីជារបបខ្មែរ​ក្រហម បាន​ដួលរំលំជាងបួន​ទសវត្សន៍​ទៅហើយក្តី ចរិតនៃ​របៀប​ដឹកនាំបែបខ្មែរក្រហមនេះ ក៏នៅតែ​លង​បន្លាចសង្គមខ្មែរ​ មិន​ទាន់​ស្បើយ​នៅឡើយ​ដែរ។​

អំពើ​ហិង្សា​ពីសំណាក់​កងកម្លាំង​ប្រដាប់​អាវុធ ដែលសមតែជាអ្នកបម្រើរាស្រ្ត ព្រោះ​ស៊ីប្រាក់ខែ​រាស្រ្ត បន្ត​​កើត​មាន​​នៅ​ទូទាំង​ប្រទេស។ ករណីបាញ់​បង្ក្រាបយ៉ាង​ហិង្សាទៅលើប្រជាពលរដ្ឋ​ស៊ីវិល ពី​សំណាក់​កង​យោធានេះដែរ បាន​​កើត​​នៅ​​ស្រុក​ស្នួល​ ខេត្ត​​ក្រចេះ កាល​ពី​ខែ​មីនា ឆ្នាំ២០១៨ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋជាច្រើន​នាក់​រងរបួស និង​​ស្លាប់​​ផង។ ប៉ុន្តែ អាជ្ញាធរ​ប្រកែក​ថា គ្មាន​អ្នក​ស្លាប់​ទេ។

ក្នុងព្រឹត្តិការណ៍ដ៏បង្ហូរ​ឈាម​មួយទៀត បាន​កើតឡើង​នៅផ្លូវ វេង ស្រេង និង​ព្រឹត្តិការ​​បាញ់​បង្ក្រាប​យ៉ាង​​ហិង្សា ដោយ​​កង​កម្លាំង​​ឆ័ត្រ​យោង​៩១១ របស់​លោក ចាប ភក្ដី កាលពី​ដើម ខែ​មករា ឆ្នាំ ​២០១៤ នៅ​រោងចក្រ​ យ៉ាក់ជីន (Yak Jin) និង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​​នៅផ្លូវ​ វេង ស្រេង ធ្វើ​ឲ្យ​កម្មករដែលតវ៉ា​តម្លើង​ប្រាក់ខែ​ជា​ច្រើន​​នាក់​​រង​របួស និង​ស្លាប់ ហើយ​​យុវជន​ម្នាក់​​ឈ្មោះ ខឹម សុផាត បាត់​ខ្លួន​ គ្មាន​​ដំណឹង​​រហូត​មក​ដល់​ពេល​នេះ។

លោក ហ៊ុន សែន និងរបបនេះ យកលេសនៃការ​បាញ់បង្ក្រាប​កម្មករ​ដែល​តវ៉ា​ ទាមទារ​សិទ្ធិ​ការងារ និង​​តម្លើង​​​ប្រាក់​​ខែ​​​ទាំង​​នោះ​​ថា ជា​ក្រុម​ពួក​ប្រឆាំង​ធ្វើ​​កុប្បកម្ម​​ផ្តួល​​រំលំ​​របប​សព្វថ្ងៃ។​

មន្រ្តីនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន​ ថា​ កង​​កម្លាំង​​ដែល​បាញ់​បង្ក្រាប​ក្រុម​កម្មករ​កាល​ពី​ដើ​ម​ឆ្នាំ២០១៤ នោះ គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ព្រោះលោកអះអាងថា ​ពួក​គេ​បាន​បំពេញ​តួនាទី​ ដែល​អ្វី​ដែល​លោក​ហៅ​ថា ជា​ការពារ​​ជាតិ​​មាតុភូមិ និង​​សន្តិសុខ​​សណ្ដាប់​ធ្នាប់​​សាធារណៈ។

ការលើកទឹកចិត្ត​ដល់ជនប្រព្រឹត្តិអំពើហិង្សា ដែលជាមន្រ្តីសមត្ថកិច្ចនេះ គឺមិនខុសអ្វីពី​សម្តី​របស់​អតតីមេគុក​ទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅឌុច ដែល​លើក​ទឹក​ចិត្ត​កម្មាភិបាល​ខ្មែរក្រហម ដែលជាក្រុមអ្នកសួរចម្លើយ និង ធ្វើ​ទារុណ្ឌកម្ម​អ្នក​ជាប់​ឃុំ​នៅ​គុកទួលស្លែង ឲ្យក្លាហាន​ក្នុង​ការ​សម្លាប់ជនរងគ្រោះ​ ដែល​​ជាប់​ឃុំ​ទាំងនោះ ដើម្បី​​បង្ហាញ​​ពី​​ជំហរ​​ដាច់ខាត ស្មោះត្រង់​​នឹង​​បដិវត្តន៍។

របបលោក ហ៊ុន សែន កាលពីឆ្នាំ ២០១៦ បាន​លើកទឹកចិត្តកងអង្គរក្ស​របស់លោក​ពីរនាក់ គឺ​លោក សុត វណ្ណី និង លោក ម៉ៅ ហឿន ដោយតម្លើងឋានៈអ្នកទាំងពី ពីរវរសេនីយ៍ទោ ទៅ​វរសេនីយ៍ឯក ក្រោយ​អ្នកទាំងពីរ ​បាន​ព្រួតគ្នា​វាយ​ដំ​តំណាង​រាស្រ្ត​​គណបក្ស​សង្គ្រោះជាតិ​ពីររូបយ៉ាង​ដំណំ គឺលោក ញ៉យ ចម្រើន និង​លោក គង់ សភា កាល​ពី​ឆ្នាំ២០១៥។

រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ចលោក វង សូត្រ កាលពីឆ្នាំ ២០១៧ ធ្លាប់​គម្រាមបង្ក្រាប​​អ្នកប្រឆាំង ដែ​ល​ហ៊ាន​​តវ៉ា​​លទ្ធផល​បោះ​ឆ្នោត ដោយ​​ថា នឹង​​វាយ​ក្បាល​នឹង​​គល់​ឫស្សី។ គល់ឫស្សី និង​ត្បូងចប ជាឧបករណ៍​ពិឃាត ដ៏មាន​ប្រជាប្រិយ​ ក្នុង​សម័យ​ខ្មែរ​ក្រហម ព្រោះវាអាចសន្សំ​គ្រាប់​កាំភ្លើង។

លោក ហ៊ុន សែន មិនត្រឹមតែ​​ មិន​ថ្កោលទោស ឬ ដាក់ពិន័យ​ទៅលើ​មន្រ្តីសាធារណៈ ដែល​ប្រើសម្តី​ហិង្សា ក្នុង​ចេតនា​ឧក្រិដ្ឋបែបនេះនោះទេ លោកថែមទាំង​ថ្លែង​កាន់ជើងលោក វង សូត្រ ទៀត​ផង។

ក្នុងសម័យ​ខ្មែរក្រហម ហេតុផលដ៏ពេញ​និយម នៅក្នុងការ​ធ្វើទុក្ខបុកម្នេញ អ្នកដែលមិនមែនជាមនុស្សរបស់​ក្រុម និង បក្សពួក​របស់​ខ្លួន គឺការចាត់ទុកអ្នកទាំងនោះ​ថា​ជាខ្មាំង។ ការចោទនរណាម្នាក់ ថាជាខ្មាំង ជាជនក្បត់ ជាពួកប្រតិកិរិយា គឺ​ជា​មធ្យោបាយ​កម្ទេច​មនុស្ស​​ដែល​​ពួក​ខ្មែរក្រហម​លាប​​ពណ៌​ថា ជា​ពួក​ប្រឆាំងមាគ៌ាបក្ស និង​អង្កការ។ ក្នុង​​សម័យ​​ខ្មែរក្រហម អ្នក​ណា​​តវ៉ា គឺ​ខ្មាំង ហើយ​អ្នកដែលប្រឆាំង គឺខ្មោច។ ឬខ្លីជាងនេះ “តវ៉ា​ខ្មាំង ប្រឆាំងខ្មោច”។ ពាក្យ “​កម្ចាត់” “កម្ទេច” “បោស​សម្អាត” គឺ​​ខ្មែរក្រហមប្រើក្នុងន័យតែមួយ គឺ “សម្លាប់”។

ភាសានេះ​លោក ហ៊ុន សែន ប្រើញឹកញាប់​ណាស់ ដើម្បីសំដៅទៅលើការបង្ក្រាប​លើ​ក្រុមមនុស្ស ដែល​ប្រឆាំង​នឹងរបបរបស់​លោក មិន​ថា ​យោធា ឬ​ស៊ីវិល​ឡើយ។ ថ្មីៗ នេះ ដោយខ្លាចក្រុមយោធាក្រោកបះបោរប្រឆាំង​នឹង​របបលោក ដូច​អ្វី​ដែល​កើត​​មាន​​នៅ​ប្រទេសវ៉េណេហ្ស៊ុយអេឡា លោក ហ៊ុន សែន បញ្ចេញសារ​គម្រាម​​ទាហាន​ទាំង​នោះ​​ទុក​ជា​មុន៖ «កង​ទ័ព​ប្រឆាំង​​រដ្ឋាភិបាល​ ត្រូវ​​តែ​កម្ទេច»។

ទោះបីជាកម្ពុជាមាន​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ដែលចែង​យ៉ាង​ច្បាស់​ អំពី​ការ​រក្សាជីវិតមនុស្ស និង​មិន​អនុញ្ញាត​ឲ្យ​កាត់​ទោស​​ប្រហារជីវិតក៏ដោយ ក៏លោក ហ៊ុន សែន មិន​ញញើត​នឹងបង្ហាញចេតនា​ឧក្រិដ្ឋ ដែល​ជាធាតុផ្សំ​នៃឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​សារ​ដែល​លោក​​គម្រាម​សម្លាប់​មន្រ្តីបក្សប្រឆាំង និង ក្រុមបាតុកររាប់​សែន​នាក់នោះដែរ។ លេស​តែ​ម៉្យា​ង គឺ​​ដើម្បី​អ្វី​ដែល​លោក​ហៅ​ថា​ការពារ​​សន្តិភាព៖ «ពួក​អ្នកឯង​បាន​និយាយថា យក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ធ្វើ​ជា​ថ្ងៃ​ផ្តាច់​​ព្រាត់​ ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល។ ​ជាភ័ព្វសំណាង​របស់​អ្នកឯង​ហើយ។ ប្រសិនបើ​ខ្ញុំ​បាន​មើល​ឃើញឃ្លីបវីដេអូនេះ ប្រហែលពេលនេះជាពេលវេលា​ធ្វើបុណ្យ​ខ្មោច​អ្នកឯង​។ ដើម្បី​ការពារ​រដ្ឋ​មួយ គឺមាន​តែ​កម្ទេច​ក្បាល​ម៉ាស៊ីនក្រវាត់ចោល។ ជម្រើសមានតែពីរ ឬ​មួយ​យើង​​ងាប់ ឬមួយគេ​ងាប់​តែ​ប៉ុណ្ណឹង»។

ប្រហែលលោកខ្លាច​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ មិន​បាន​ឮអំពីចេតនាឧក្រិដ្ឋ​នេះហើយ បាន​ជាលោក​ឆ្លៀតបំពងសំឡេង​ ​ថ្លែងសារគម្រាមសម្លាប់​មនុស្សនេះ រហូតដល់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុងញូយក សហរដ្ឋអាមេរិក និង​នៅ​ទីក្រុង​​តូក្យូ ប្រទេស​ជប៉ុន​ថែម​ទៀត​​ផង។

ការរម្លាយគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជាង ៣លាននាក់ ឬ​ស្មើនឹង​ជិតពាក់កណ្តាល​​ប្រទេស និង​ចាប់​​ប្រធាន​គណបក្ស​ប្រឆាំង​​ដាក់​គុក ក៏​របប​លោក ហ៊ុន សែន យក​សម្អាង​នៃ​ទោស​ក្បត់​ជាតិ និង​ការ​​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​មក​​ធ្វើ​​ជា​​ហេតុផល ក្នុង​ការ​​កម្ចាត់​សំឡេង​ប្រឆាំង​នេះ​ដែរ។ ការ​ចាប់​អ្នកកាសែត​ដាក់គុក​ដោយ​​គ្មាន​កំហុស ក៏​របប​នេះ​យក​លេស​ថា ​អ្នក​ទាំង​នោះ លួច​ផ្តល់​ព័ត៌មាន​​ទៅ​រដ្ឋ​បរទេស ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

ជារួម​រាល់ចំណាត់ការ​របស់លោក ហ៊ុន សែន និង មន្រ្តីរបបនេះ​ ដែលកម្ចាត់​សំឡេង​ប្រឆាំង​ ហើយ​ដែលមន្រ្តីទាំងនេះតែងតែ​អះអាងថា ដើម្បី​ការពារសន្តិសុខ សន្តិភាព និង​សេចក្តី​សុខក្សេមក្សាន្ត ​របស់ប្រជាពលរដ្ឋ ក៏មជ្ឈដ្ឋានទូទៅ​មើលឃើញថា នោះគ្រាន់តែជាចំណាត់​ការ​ ដើម្បី​ទប់ទល់នឹង​ភាពភ័យ​ខ្លាច​ មិន​បាន​ក្រាញ​អំណាច​យូរ​អង្វែង​តទៀត តែ​ប៉ុណ្ណោះ។

អ្នកវិភាគ​ថា ការ​ដឹកនាំ​បែបនេះ គឺធ្វើ​ឲ្យ​ប្រជាពលរដ្ឋខ្មែរទូទៅ ភ័យ​រន្ធត់ តក់ស្លុត និង​​បាក់ស្បាត ដើម្បី​​លោក ហ៊ុន សែន អាច​​ងាយ​​ត្រួតត្រា​តែ​​ប៉ុណ្ណោះ។ មិន​មែន​ដើម្បី​សន្តិភាពទេ ព្រោះសន្តិភាព កើតចេញពី​ភាពយុត្តិធម៌សង្គម ដែលអាចទទួល​យក​​បាន​​ទាំង​អស់​គ្នា មិនមែន​​ឈ្នះ​​តែ​​ក្រុម​​បក្សពួក​លោក​ ហ៊ុន សែន នោះ​ឡើយ។

របៀបដឹកនាំបែបខ្មែរក្រហមមួយទៀត គឺការ​រក្សាការសម្ងាត់ ចំពោះសកម្មភាព​របស់​ខ្លួនឯង ប៉ុន្តែ បង្កើត​ប្រព័ន្ធតាមដាន និង យកការណ៍សកម្មភាព​អ្នកដទៃ ដែលបង្កើត​ឲ្យ​មានកា​រភ័យខ្លាច និង មិនទុកចិត្ត​គ្នា។ របៀបតាមដាននេះ ត្រូវ​លោក ហ៊ុន សែន បង្កើតជាប្រព័ន្ធ នៅគ្រប់​ខេត្ត​ក្រុង ក្នុងគោលបំណង​ឃ្លាំមើល រាល់សកម្មភាព​របស់​​មន្រ្តី និង​សកម្មជន​​បក្ស​ប្រឆាំង។

ក្នុង​សម័យ​ខ្មែរក្រហម ភ្លាម​ៗ ​ក្រោយ​របបនេះ​​ផ្តួលរបប សាធារណៈរដ្ឋខ្មែរ របស់​លោកសេនាប្រមុខ​ លន់​ ណុល ពួកខ្មែរក្រហម ចាប់ផ្តើមបោសសម្អាត​អតីទាហាន​ លន់ ណុល។ អតីតទាហាន​សាធារណៈរដ្ឋ​ជាច្រើន​ ត្រូវ​ពួកខ្មែរក្រហម​ ដឹក​យក​ទៅ​បាញ់​​សម្លាប់​​ចោល​នៅ​ទួល​​ពោធិ៍ជ្រៃ ខេត្ត​ពោធិ៍សាត់ ដោយ​គ្មានការ​ជំនុំជម្រះ​អ្វីទាំងអស់។ ជា​បន្ត​​មក​ទៀត ពួក​ខ្មែរ​ក្រហម តាម​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​ក្រុម​គ្រួសារ​របស់​​អ្នក​ទាំង​នោះ រហូត​ផុត​​របប​នេះ។

ក្នុង​របបសព្វថ្ងៃនេះ​វិញ ក្រោយ​លោក ហ៊ុន សែន រម្លាយ​គណបក្សសង្គ្រោះជាតិរួច របបលោក​​បន្ត​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​​មន្រ្តី និង​សកម្មជន​​បក្ស​នេះ​នៅ​តាម​មូលដ្ឋាន ដោយ​​រឹតត្បិត​​សិទ្ធិ​សេរីភាព ខាង​​ជីវភាព​នយោបាយ​​សព្វ​បែប​យ៉ាង។ លោក​ថែម​ទាំង​បញ្ជាក់​អំពី​គោលបំណង​ផ្តាច់​ឫស​កែវ​នៃ​​រចនាសម្ព័ន្ធ​​របស់​បក្ស​នេះ​ទាំង​​ស្រុង​​តែ​ម្តង ដូច​ពាក្យ​ស្លោក​ខ្មែរក្រហម “ជីក​ស្មៅ ជីក​ទាំង​ឫស”។

សម័យ​ខ្មែរក្រហម​ ដើម្បី​សម្រេចផែនការ​កម្ទេចអ្វីមួយ ​ដែលរបបនោះ​ហៅថា​ជា​”សត្រូវ” ដែល​ជាខ្មាំង​បដិវត្ត ពួកគេ​ប្រើកងឈ្លប ដើម្បីឈ្លប​យកការណ៍​ និង តាម​ដានរាល់សកម្មភាព​របស់​ប្រជាជនស៊ីវិលទូទៅ។ សូម្បី​តែការ​រួមដំណេករវាង​ប្តីប្រពន្ធ ដែលកម្មាភិបាល​ខ្មែរក្រហម​បង្ខំឲ្យ​រៀបការ ក៏ត្រូវ​កងឈ្លប​ទាំងនេះ តាម​ឃ្លាំមើលរហូតដល់​ក្រោមផ្ទះ​ដែរ។ ជា​រួម​​ សិទ្ធិ​សេរី​ភាព​​របស់​ពលរដ្ឋ​ទូទៅ ត្រូវ​រងការរឹតត្បិត នឹង​ឃ្លាំមើលគ្រប់វិនាទី។

លោក ហ៊ុន សែន ក៏អនុវត្ត​វិធី​នេះដែរ ដោយលោកប្រកាស​ជាចំហ ឲ្យ​តាមដាន​រាល់​សកម្មភាព​នយោបាយ​របស់​​មន្រ្តី​​បក្ស​ប្រឆាំង​​​នៅ​​តាម​​​មូលដ្ឋាន។​ សូម្បី​​តែ​ជួប​​ជុំ​គ្នា​​ហូប​គុយទាវ ក៏​ហូ​ប​​មិន​​ត្រង់​​មាត់​ដែរ ព្រោះ​លោក​ឲ្យ​​គេ​​តាម​​ដាន​​គ្រប់​​ជំហាន៖ «មួយ​ផ្នែក​ទៀត គឺ​រឹត​​ពួក​អា​​​ប្រឆាំង​​ដែល​​នៅ​សេសសល់ ឲ្យ​វារលំរលាយ​កាន់តែ​ឆាប់។ ​ពួកអានៅ​ខាង​ក្នុង​ ផ្តាច់​ខ្សែសង្វាក់​របស់​វា​ឲ្យ​អស់។ ឥឡូវ​ពួកវា​ កំពុងដើ​រប្រជុំតាម​ហាង តាម​ស្អីនានា ដែលខ្ញុំ​សុំ​យក​ឱកាស​បញ្ជូន ដល់អភិបាលខេត្ត​នានា​សម្រាប់​ការ​ណែនាំ និង គ្រប់កន្លែងផងដែរ។ យើង​មិន​អាច​ពួក​អាក្រុមនេះ​រស់ទេ។ បើបានជា​ជ្រុលអ៊‍ីចឹង​ទៅហើយ គឺលេង​ម៉ា​អស់​ដៃ ដើម្បី​ផ្តាច់​បណ្តាញ​របស់​វា កុំឲ្យ​វាមាន​ឈ្នាន់​ឲ្យ​សោះ។ កម្ចាត់​ចោល​កម្លាំង​ប្រឆាំងទាំងអស់ ដែលជាបណ្តាញ​របស់អតីត​សង្គ្រោះជាតិ ដោយ​មិន​ឲ្យ​ពួកនេះរើក្បាល​រួច​»។

ស្របពេលដែលការសន្យាវិលចូលស្រុកខ្មែរ​ របស់​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាន់តែ​កៀក​ចូលមកដល់ លោក​ ហ៊ុន សែន កាន់តែ​ភ័យ​ខ្លាច​រឿងនេះ។ ការភ័យ​ខ្លាចនេះ ធ្វើ​ឲ្យ​លោកបង្កើន​ការ​ធ្វើទុក្ខបុកម្នេញនេះ ថែមទៀត ដោយ​គម្រាម​វាយ​ខ្នោះមន្រ្តី និង សកម្មជនគណបក្សសង្គ្រោះជាតិ ណា​ដែល​ប្រជុំគ្នា​ ដើម្បីរៀបចំ​ទទួល​លោក សម រង្ស៊ី។ លោកថា នឹង​ចាត់ការអ្នកនោះឆាប់ៗនេះ៖ «សូម្បី​តែ​ប្រជុំតាម​ឡាន បន្តិចទៀត​ធ្វើ​ហើយ! ត្រូវ​ធ្វើ​ហើយ! អាទៅប្រជុំ​នៅ​បឹង​ត្រកួន អ្នក​មេ​ក្លោង​​ហ្នឹង​​អា រ័ត្ន សុធី។ ឥឡូវ​ផ្តាំពីហ្នឹង​ទៅហើយឲ្យហើយអា រ័ត្ន សុធី កុំធើ ធើ​ប្រយ័ត្ន​ជាប់​ខ្នោះៗ! គេមិនដឹងអ្ហ៊ៃ? ហើយ​នៅនេះ ស្រី​មួយដើរតួខ្លាំង! ប្រជុំ​តាម​ឡាន​ bus ថ្ងៃមុន​ប្រជុំ​ចេញពី​ភ្នំពេញ​ទៅភ្នំតាម៉ៅ! ឥឡូវ​កំពុង​ដំណើរការ​រៀបចំ​បន្តទៀត។ សកម្ម​ខ្លាំង​ណាស់! ប្រយ័ត្ននាង! ប្រយ័ត្ន​»។

លោកបន្ថែមទៀតថា គ្មានអ្វីដែលលោកមិនដឹងនោះទេ៖ «លោកស្រីប្រធាន​ចលនា​ស្ត្រី​ ត្រូវ​​ដឹង​ថា​ លោក​ស្រី​មិន​​អាច​​លាក់​បាំង​ពី​អ្វី​របស់​​យើង​​បាន​ទេ។ អ្នកណា​ដូចជានៅកំពង់ចាម គេ​ប្រជុំ​លើ​ឡាន bus ទៅខាង​កំពង់​ធំ ត្រឡប់​​មក​វិញ​​ទៅ​​ចម្ការ​​លើ! ស្មានតែ​គេ​មិន​ដឹងអ្ហ៊ៃ?»។

លោក ហ៊ុន សែន លាបពណ៌អ្នកទាំងនោះ ថាជាក្រុម​អាសិរពិស និង ថា​ជាមួយ​លោក បើ​ហ៊ានថាអី គឺហ៊ាន​ធ្វើហ្នឹង។​

ការតាមដាន​មនុស្ស ដូចសម័យ​ខ្មែរក្រហមនេះ មិនមែនកើតមាន​​ចំពោះ​តែ​មន្រ្តី​គណបក្ស សង្គ្រោះ​ជាតិ ទេ សូម្បី​តែ​​​ប្រជា​ពលរដ្ឋ​​សាមញ្ញ ដែល​​ជា​ជន​រងគ្រោះ​ក្នុង​បញ្ហា​ដីធ្លី ក៏ត្រូវ​អាជ្ញាធរ​ដាក់ប៉ុស្តិ៍យាម នៅ​មុខផ្ទះ​ ដើម្បីឃ្លាំមើលសកម្មភាព​របស់​គាត់​​​នោះ​​ដែរ។

លោក​ស្រី ផាវ ញឺង ​តំណាង​​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី ​នៅ​ឃុំ​ជីខក្រោម ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ដែល​មាន​វិវាទ​ច្រើន​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក ​ឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី​ និង​ជា​សមាជិក​ព្រឹទ្ធិ​សភា​ឯក​បក្ស ​​នៃ​របប​ក្រុង​ភ្នំពេញ​​ថា ​ការ​​ឃ្លាំ​មើល​សកម្មភាព​លោក​ស្រី នៅ​មុខ​ផ្ទះ​លោកស្រី កើតឡើង​តាំង​ពី​កំឡុង​ខែ​មិថុនា ឆ្នាំ​២០១៧ ម្ល៉េះ៖ «ថ្ងៃបុណ្យសមុទ្រអីហ្នឹង ពេលខ្ញុំ​ទៅលេងបុណ្យសមុទ្រ ក៏គេមកយាមដែរ និងមាន​​គ្នា​គេ​តាម​រហូត តាម​ដល់​កន្លែង​ដេកទៀត។ ពេល​ខ្ញុំ​មកប្រជុំនៅខេត្ត​កំពត គេ​តាម​មកសួរ​នៅផ្ទះទៀត​»។

លោកស្រី​ថា តាមដានសកម្មភាព​របស់លោកស្រីបែបនេះ គឺបង្ក​ភាព​ភ័យ​ខ្លាច​ដល់​លោកស្រី និង​ក្រុម​គ្រួសារ។ មិន​​តែ​​ប៉ុណ្ណោះ លោក​ស្រី​​រងការ​លាប​ពណ៌ថា​ជា​មនុស្ស​បក្សប្រឆាំង​ទៀត​ផង ទោះបីលោក​ស្រីគ្រាន់តែជនរងគ្រោះដីធ្លី គ្មាន​បក្ស​នយោបាយ​​អ្វី​ទាំង​អស់៖ «ដោយសារ​ខ្ញុំ​ចង់​បាន​តែ​រឿង​យុត្តិធម៌ រឿង​ម៉ារស់​ពួក​ខ្ញុំទេ​​។ កុំ​​​ឲ្យ​​​តែ​​​អ្នក​​ឯង​​​អ្នក​​មាន មក​​ប្លន់​​​ដី​​គេ​​ហើយ បែរជា​មកលាបពណ៌​ថា ​គេ​​ជា​​គណបក្ស​ប្រឆាំង។ ខ្ញុំ​គ្មានមេទេ មេខ្ញុំ​គឺខួរ​ក្បាល​ខ្ញុំ។ ខ្ញុំ​គឺជាជន​រងគ្រោះ»។

ក្នុងការសាបព្រោះការ​ភ័យ​ខ្លាចនេះ ទាំង​លោក​ ហ៊ុន សែន និង​មន្រ្តី​របប​នេះ​ គំរាម​​កំហែង​​អ្នក​ហ៊ាន​បញ្ចេញ​មតិ​តាម​​បណ្តាញ​​សង្គម​ហ្វ៊េសប៊ុក ដោយ​បំភ័យ​ថា ​លោក​អាច​តាមចាប់អ្នកប្រើប្រាស់ហ្វេសប៊ុកណាម្នាក់ ដោយប្រើពេល​មិនដល់​ ១០នាទី​ផង៖ «ត្រូវ​ដឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន មិន​ឲ្យ​លើស​ពី​ ៨ នាទី! រកឃើញកន្លែង​ទីតាំង​ឈរ​ជើងរបស់​អ្នក comment  ចូល​​ហើយ។ ទោះ​បី​អ្នក​ឯង​​ដាក់​ឈ្មោះ​អី​ក៏​ដោយ​​ចុះ ត្រូវ​ចាំ! សូម្បីតែអ្នកវ៉ៃតាម​ WhatsApp, Telegram ឬ Line ក៏គេ​យកបាន​ទាំង​អស់​ដែរ»។

របបនេះក៏ប្រើប្រាស់​មធ្យោបាយ នៃ​ព័ត៌មានបែកធ្លាយ ដើម្បី​បង្ក្រាប​ បំបាក់​ស្មារតី និង​បរិហាកេរ្តិ៍​មន្រ្តី​បក្ស​​ប្រឆាំង​​យ៉ាង​​រាល​ដាល។ ព័ត៌មាន​ដែលរបបនេះ អះអាង​ថា បាន​ពី​ទំព័រហ្វេសប៊ុកឈ្មោះ​ “សីហា” គឺសុទ្ធតែជាព័ត៌មាន នៃ​សារសន្ទនា​គ្នា​ជា​ឯកជន​ តែត្រូវ​ប្រព័ន្ធឃោសនាលោក ហ៊ុន សែន និង លោក ហ៊ុន សែន យក​មកប្រើប្រាស់​យ៉ាង​ចំហ និង​គ្មាន​ក្រែង​ច្បាប់​អ្វី​ទាំងអស់។

សិទ្ធិឯកជនភាព ត្រូវ​បាន​ការពារ​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ សូម្បីតែលោក ហ៊ុន សែន ដែលជានាយករដ្ឋ​មន្រ្តី ក៏​ខក​ខាន​ក្នុង​ការ​​ទប់​ស្កាត់​ការ​​រំលោភ​ច្បាប់​នេះ​ដែរ។ លោកមិនចាត់​ការស៊ើបអង្កេត​អ្វីទាំងអស់។​ មិន​តែ​ប៉ុណ្ណោះ លោក​តែងតែ​ពោល​​សរសើរ​​ក្រុម​ឧក្រិដ្ឋជន​នេះ៖ «គ្រាន់បែអាសីហា! អ្ហែងប៉ុណ្ណឹងគ្រាន់បើ អ្ហែង​ចេះចាប់សំឡេង​អញជាមួយឯកឧត្តម​ កឹម សុខា​ បាន»។

ទោះជាលោកថា លោកត្រូវការពេលមិនដល់ ១០ នាទី ដើម្បីតាមរកអ្នករំលោភច្បាប់​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម មកដល់ពេលនេះ គ្មានចំណាត់ការណាមួយ​លើ​រឿង​នេះទេ។ តែបើទោះជាស៊ើបអង្កេត ក៏ប្រហែលជាគ្មានប្រយោជន៍ដែរ ព្រោះ​អ្នកដែលធ្វើឲ្យបែកធ្លាយ​ឯកសារទាំងនោះ គឺលោក ហ៊ុន សែនខ្លួន​ឯង​នោះឯង៖ «បែកធ្លាយ​​សំឡេង​​ប៉ុន្មាន​ថ្ងៃ​នោះ នោះហើយដែល ហ៊ុន សែន វ៉ៃ​មួយដៃឆ្វេង តែនៅដៃស្តាំ​អត់​ទាន់​វ៉ៃទេ។ សុំ​អ្នកឯង​ស្តាប់​ឲ្យបាន!​»។

ទោះនេះអំពើខុសច្បាប់ ប៉ុន្តែ លោកមិនខ្វល់ និងផ្គើន​បញ្ចេញ​សារ​នេះ ច្រើន​ថែមទៀត៖ «ចង់​​ចង់​សាក! អ្នក​ឯង​និយាយ​​ជាមួយ​ខ្ញុំ​​ពី​ស្អី! នៅមានទៀត! អ្នកឯង​ចង់​សាក ខ្ញុំ​នឹងទម្លាយ​ចេញ​ឲ្យអ្នកឯង​មើល​ទាំង​អស់ តាំងពីក្នុង​ WhatsApp, SMS តិចថាខ្ញុំ​មិនបានការ។ ហើយ​វាយ៉ាងម៉េច!»។

ភាពអនាធិបតេយ្យ នៃ​ការ​បញ្ចេញ​ព័ត៌មានបែកធ្លាយ ក្លាយ​ជាទម្លាប់​ ដែល​របបនេះ មិន​ចាត់​ការធ្វើទាំងអស់។ ប្រការ​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រងសម្ពាធ​ផ្លូវចិត្តយ៉ាង​ខ្លាំង ព្រោះខ្វះសុវត្ថិភាព​ នៅក្នុង​ការ​សន្ទនាគ្នា​ជាលក្ខណៈឯកជន។ ដោយ​ខ្លាច​គេលួចស្តាប់​ការ​សន្ទនាគ្នាតាម​ទូរស័ព្ទ ប្រជាពលរដ្ឋ​ បាន​ស្កាត់ជួប​គ្នា ​ដើម្បី​និយាយ​គ្នាផ្ទាល់។ ការជួបជុំគ្នា​បែបនេះ រងការបង្ក្រាបដែរ។​

នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​​នៃអង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) ថា​សារជាតិ​នៃ​មេដឹកនាំ​ ដែល​ជាប់​កម្អែល​កុម្មុនីស្ត​ខ្មែរក្រហម ដូចជាលោក ហ៊ុន សែននេះ ពិបាកនឹង​កែណាស់។ លោកថា​ លោក ហ៊ុន សែន បាន​រៀន​សូត្រពី​ខ្មែរ​ក្រហម កាលលោកនៅជាទាហានកម្មាភិបាល​ខ្មែរក្រហមនោះ នៅតែ​ដក់​ក្នុង​ផ្នត់គំនិតរបស់​លោក ក្នុង​របៀប​ដឹកនាំ​សព្វថ្ងៃ៖ «លោក ហ៊ុន សែន នៅតែគិតថា ជម្រើស​ដ៏ល្អក្នុងការ​បន្ត​​ក្រាញ​អំណាច គឺ​កម្ទេច​​ដៃគូ​​ប្រកួត​។ គាត់​នៅគិតថា ដើម្បីឈ្នះក្នុង​រឿង​នយោបាយ គឺមានតែ​សម្លាប់​ដៃគូប្រកួត ទាំង​បញ្ចប់​ជីវិត​នយោបាយ​របស់​គូប្រកួត និង​ជួនកាល បញ្ចប់​​ជីវិត​គូ​ប្រកួត​​តែ​ម្តង​»។

លោក ប្រ៊ែដ អាដាម បន្តថា ផ្នត់គំនិត និង​ការ​ប្រព្រឹត្តិ​បែបនេះ គឺលោក ហ៊ុន សែន ពិបាកនឹង​​ជម្រះ​​ចោល​​ណាស់ ព្រោះ​​​លោក​​​ទទួល​​​​មនោគមវិជ្ជា​ក្រហម​ឆ្អិនឆ្អៅ ពីខ្មែរក្រហមទៅហើយ។ លោកបន្ថែមទៀតថា បើ​មេដឹកនាំ​ដែលមិនជាប់​កម្អែល​កុម្មុយនិស្ត ពួក​គេ​ច្បាស់​​ជា​​មិន​​​ធ្វើ​ដូច​លោក ហ៊ុន សែន នោះទេ។ មេដឹកនាំ ដែល​ប្រកាន់​គោលការណ៍​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គេ​មិន​ដែល​ចាប់​ដៃគូ​​ប្រកួត​​ដាក់​គុក ឬ​កម្ចាត់ បំបាត់​ ឬ​រម្លាយគេ​ដូច្នេះនោះឡើយ។

របបខ្មែរក្រហម ចាត់​ទុកអ្នកដែលមានទស្សនៈផ្ទុយពីខ្លួន​ថា​ ជាខ្មាំង ដែលត្រូវ​កម្ចាត់ចោល។ ប៉ុន្តែ យូរៗ ទៅ អស់ខ្មាំងខាងក្រៅជួរបក្ស ដែលត្រូវ​កម្ចាត់នោះ ខ្មែរក្រហមចាប់ផ្តើម​កម្ចាត់​ខ្មាំង​ក្នុងជួរ​បក្ស គឺបោសសម្អាត​កម្មាភិបាលរបស់ខ្លួន រហូត​ធ្វើ​ឲ្យ​​ប្រព័ន្ធ​គ្រប់គ្រង​រលាយ​ខ្លួន។

លោក ប្រ៊ែដ អាដាម ថាក្នុង​របបប្រជាធិបតេយ្យសេរីនិយម គ្មានមេដឹកនាំណា យក​ជម្រើសកម្ចាត់​ ឬ​កម្ទេច​​គូ​ប្រកួត​របស់​​ខ្លួន តាម​រូបភាព​បែបកុម្មនីស្ត​បែបនេះនោះឡើយ។ អ្វីដែលលោក ហ៊ុន សែន កំពុង​ធ្វើនេះ គឺបង្កើត​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​មន្រ្តី​ក្នុង​​ជួរ​បក្ស​​របស់​​ខ្លួន និង​ពលរដ្ឋ​ខ្មែរ​​ទូទៅ​ដែរ៖ «លោក ហ៊ុន សែន ជា​ជនផ្តាច់ការ​ ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស​ និង​​ជាប់​​ពាក់ព័ន្ធ​​នឹង​​​អំពើ​​​ឃាតកម្ម។ គាត់​នឹង​មិន​អាច​លេង​ល្បែងដដែលៗនេះ បាន​តទៅទៀត​ទេ។ គាត់​មិន​អាច​នៅបន្ត​កាន់​​អំណាច​​រហូត​អស់​​មួយ​ជីវិត​បាន​​នោះ​ទេ។ អ្នកមានធំៗ ក៏មិន​តាម​គាំទ្រ​គាត់​រហូត​នោះដែរ។  បើ​សិនលោក ហ៊ុន សែន ចង់​​ដុត​​បំផ្លាញ​​ស្រុក​​ខ្មែរ ដោយសារ​ការ​ចង់​បន្ត​ក្រាញ​អំណាច​យូរ​តទៅទៀតនោះ នឹង​មាន​មនុស្សច្រើន​ណាស់​ នៅ​ក្នុង​ជួរ​​គណបក្ស​ ប្រជាជន​កម្ពុជា ក៏​នឹង​​ព្រម​តាម​​គាត់​​ដែរ»។

កម្អែលខ្មែរក្រហមមួយបែបទៀត គឺទំយើបុគ្គល។ គឺការស្ទួយ និង​លើកមុខមាត់បុគ្គល​ឲ្យខ្ពស់​ហួស​ពី​ស្ថាប័ន។ សម័យ​ខ្មែរ​ក្រហម គេ​លើក​មុខ​បុគ្គល​ខ្ពស់ ប្រើ​ឈ្មោះ​អង្គការ។ ប៉ុន្តែ មិនមែនឲ្យតម្លៃលើអង្គការ ឬ​ស្ថាប័ននោះ​ទេ។ កម្មាភិបាល​​ខ្មែរ​ក្រហម​​​រូប​​ណា ក៏​​ជា​អង្គការ​ដែរ។

ចំណែក​លោក ហ៊ុន សែន សព្វថ្ងៃគឺជា”អង្គការ” ដែលគ្រប់គ្នា​ត្រូវ​តែ​គោរព និង​លើក​​តម្កើង​ឲ្យ​​ខ្ពស់​​ហួស​​ស្ថាប័ន​ណា​​​ទាំង​​អស់ សូម្បី​​​តែ​​អង្គ​​​​ព្រះមហាក្សត្រ។ លោក ហ៊ុន សែន បញ្ជាក់អំណាច​ធំលើសអំណាច​ស្តេចផែនដីនេះ នៅក្នុង​សារ​របស់​លោក៖ «ជាមួយ​ខ្ញុំ គឺ​​កុំ​និយាយ​​ឲ្យ​​សោះ ឪ​ស្តេច​​ម៉ែ​ស្តេច​​ក៏​ដាក់​ដែរ»។

ដោយសារ​តែ​​មើលឃើញ​ចំណុច​អស់​ទាំងនេះ ធ្វើឲ្យ​ប្រធានស្តីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលធ្លាប់​តស៊ូ​ ដើម្បី​ប្តូរ​របបលោក ហ៊ុន សែន ក៏ងាកមកផ្លាស់ប្តូរ​យុទ្ធសាស្រ្តរបស់ខ្លួន ដោយ​ប្រកាស​កាលពីថ្ងៃទី៤ ខែ​មីនា​ថា​ គណបក្ស សង្គ្រោះ​​ជាតិ លែង​​ប្តូរ​របប​លោក ហ៊ុន សែន ហើយ​ ប៉ុន្តែ​ប្តូរ​អ្នកដឹកនាំ​របបនេះ​វិញ គឺប្តូរ​លោក ហ៊ុន សែន តែ​នៅ​​ចាប់​ដៃ​​ធ្វើការ​​ជាមួយ​មន្រ្តី គណបក្ស​កាន់​អំណាច​នេះ៖ «គឺគណបក្សសង្គ្រោះជាតិ យើង​មិន​ទាមទារ​ឲ្យ​ប្តូរ​របបទេ យើង​បើក​ទូលំទូលាយ​ យើង​​បោះ​​ដៃ​ទៅ​រក​គណបក្ស​កាន់អំណាច​ គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​មាន​គណបក្ស​តែ​ពីរ​នេះ​​​ទេ ​​ដែល​នឹង​កំណត់​វាសនា​ប្រទេស​កម្ពុជា។ យើង​សុំ​អំពាវនាវ សុំ​ឲ្យ​មន្រ្តីគណបក្សប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​ អ្នកគាំទ្រ​គណបក្ស ប្រជាជន​​កម្ពុជា ដូរ​​លោក​ ហ៊ុន សែន ជា​ជំហាន​ទីមួយ ពេលណា​មានការ​ដូរ​លោក ហ៊ុន សែន គឺ​យើង​​គាំទ្រ​​ការ​​ផ្លាស់ប្តូរ​​លោក ហ៊ុន សែន ចេញ​សិន។ ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ចេញសិន»។

មេដឹកនាំផ្តាច់ការ​ទាំងអស់​នៅលើ​ពិភពលោក មានទម្លាប់​មិន​ទុកចិត្ត​អ្នកដទៃ ក្រៅពីមនុស្ស​ជំនិត និង​​ក្រុម​​គ្រួសារ​​​បក្ស​​ពួក​​​ជិត​ស្និទ្ធ​​​របស់​​​ខ្លួន ទើប​​សាប​ព្រោះ​​ការ​ភ័យ​ខ្លាច​ ហើយ​មិន​លើកទឹកចិត្ត​​ឲ្យ​​មាន​ទស្សនៈផ្ទុយនោះ​ទេ។ ការ​កាន់​អំណាច​​ដែល​លង់​​​​ខ្លួន​​​​យូរ​​​ទៅ មេ​ដឹក​នាំផ្តាច់ការ អាច​យល់ច្រឡំ ​ថា​អំណាច​របស់​ខ្លួន​មិនចេះសាបសូន្យ។ ក៏​ប៉ុន្តែ​​ការ​ពិត គឺ​​មិន​​ដូច្នេះ​​នោះ​​ទេ។

លោក ប្រ៊ែដ អាដាម ថា​បើទោះបីជារដ្ឋាភិបាល​ផ្តាច់ការ​នៅលើ​ពិភពលោក តែង​តែជ្រើសរើស​យក​វិធីគ្រប់គ្រង​ប្រទេស​បែប​នេះ​ក៏​ដោយ ក៏ប៉ុន្តែ​ជាទូទៅ មិន​ជោគជ័យ​ទេ៕

មួង ណារ៉េត
2019-03-06

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *

Vous pouvez utiliser ces balises et attributs HTML : <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Current ye@r *