38

ហ៊ុន សែន ប្រើ​ល្បិច​បំបែក​បក្ស​ប្រឆាំង ទើប​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​បក្ស​នេះ

37

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ខំ​កែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​ជា​លេស​ថា​ផ្ដល់​សម្បទា​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​នោះ ថា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច និង​មាន​ចេតនា​គ្រាន់តែ​ដើម្បី​បំបែក​បំបាក់ មន្ត្រី​បក្ស​ប្រឆាំង​នេះ​តែប៉ុណ្ណោះ។

លោក Brad Adams ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៨ ខែ​មីនា ថា នរណា​ក៏​ដឹង​ដែរ​ថា អ្នក​ធ្វើ​ច្បាប់​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ និង​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ទាំង ១១៨​រូប ក៏​លោក ហ៊ុន សែន អ្នក​ធ្វើ។ ដូច្នេះ​លោក​ថា មានរឿង​អី​ដែល​មន្ត្រី​បក្ស​ប្រឆាំង ត្រូវ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក ហ៊ុន សែន។

លោក​បន្ត​ថា លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​ជា​អ្នកបង្កើត​បញ្ហា​ទាំងអស់​នេះ​ឡើង ដូច្នេះ​លោក ហ៊ុន សែន ត្រូវតែ​ផ្ដល់​សិទ្ធិ​នយោបាយ​នេះ​មក​ឱ្យ​មន្ត្រី​ទាំងនោះ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់។

ទោះជា​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុងតែ​ចាញ់​ល្បែង​នយោបាយ​នេះ ដោយ​ខ្លួនឯង ព្រោះ​រហូត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ តែ​បី​រូប​ប៉ុណ្ណោះ ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ។ លោក Brad Adams កោតសរសើរ​អំពី​គុណ​តម្លៃ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត ដែល​ក្លាហាន និង​អត់ធ្មត់ មិន​លុះ​តាម​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន៖ «បំណង​ធំ​របស់​លោក ហ៊ុន សែន គឺ​បំបែកបំបាក់​គណបក្សប្រឆាំង​។ លោក ហ៊ុន សែន ប្រហែល​យល់ថា ខ្លួនឯង​ឆ្លាត​វៃ​ក្នុង​រឿង​នេះ។ គាត់​ចាប់​លោក កឹម សុខា ដាក់គុក​។ គាត់​ព្យាយាម​បំបែកបំបាក់​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង ដែល​និយម​លោក កឹម សុខា និង ក្រុម​អ្នក​និយម​លោក សម រង្ស៊ី។ គាត់​ដាក់​សម្ពាធ ឱ្យ​ក្រុម​លោក កឹម សុខា ធ្វើ​សម្បទាន​ដើម្បី​ឱ្យ​បាន​ដោះលែង​លោក កឹម សុខា។ គាត់​បញ្ចុះបញ្ចូល​ក្រុម​លោក កឹម សុខា ឱ្យ​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​។ បន្ទាប់​មក​ទៀត គាត់​នឹង​បំបែក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ជា​កូន​បក្ស​តូច​មួយ ក្រោម​ការដឹកនាំ​របស់​លោក កឹម សុខា និង ស្រប​ពេល​លោក សម រង្ស៊ី មិន​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​យូរ​ណាស់​ហើយ មាន​មនុស្ស​តែ​បី​នាក់​ប៉ុណ្ណោះ ក្នុងចំណោម ១១៨ នាក់ ដែល​ចាញ់ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន។ ចំនួន​មន្ត្រី​បក្ស​ប្រឆាំង​ដ៏​ច្រើន​លើសលន់ មិន​ចុះចូល​បែបនេះ គឺជា​រឿង​មួយ​អស្ចារ្យ​ណាស់ ព្រោះ​អី​លោក ហ៊ុន សែន ខំប្រឹង​ដាក់​សម្ពាធ​ខ្លាំង​ប៉ុនណា ក៏​អ្នក​ទាំងនោះ នៅតែ​រឹងមាំ។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុងតែ​បរាជ័យ​ហើយ»។

ទោះបីជា​លោក ហ៊ុន សែន អាច​ស្មានថា ការ​ផ្តល់​សិទ្ធិ​នយោបាយ​ឱ្យ​មន្ត្រី​បក្សប្រឆាំង​ទាំងនេះ​ឡើងវិញ ប្រហែល​លួង​ចិត្ត​សហគមន៍​អន្តរជាតិ​បាន​ក្តី ក៏​លោក ប្រែដ អាដាម ថា​លោក ហ៊ុន សែន យល់​ខុស​ធំ​ណាស់ ព្រោះ​សហភាព​អឺរ៉ុប​ជាពិសេស មិន​ចាញ់​ការ​បញ្ឆោត​របស់​លោក ហ៊ុន សែន នោះ​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន គឺ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដែល​មាន​គណបក្សប្រឆាំង​ចូលរួម ក្នុង​ការ​បោះឆ្នោត​មួយ ដែល​សេរី ត្រឹមត្រូវ និង យុត្តិធម៌៖ «សហភាព​អឺរ៉ុប​នឹង​មិន​ចាញ់​បញ្ឆោត​ដ៏​លីលា​របស់​លោក ហ៊ុន សែន ដូច្នេះ​នោះ​ទេ។ ពួកគេ​នឹង​មិន​ចាញ់បោក​លោក ហ៊ុន សែន ដែល​ប្រើ​ល្បិច ដោយ​យក​ច្បាប់ និង​តុលាការ​បែប​ឡប់ឡែ មក​ធ្វើជា​ឧបករណ៍​ដាក់​សម្ពាធ មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ​ទេ​។ អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់បាន គឺ​ភាព​ពហុ​និយម​ពិតប្រាកដ គឺ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​។ អ្វី​ដែល​ជា​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​ភាព​មាន​សេរីភាព​ពេញលេញ និង ពិតប្រាកដ ដើម្បី​បេក្ខជន​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ទៅ​ទៅ អាច​ចូលរួម ក្នុង​ជីវភាព​នយោបាយ ដោយ​មិន​ភ័យខ្លាច​ការ​ធ្វើ​បាប គំរាមកំហែង និង អំពើ​ហិង្សា ទៅលើ​អ្នក​ទាំងនោះ​។ បើ​ចំណុច​ទាំងអស់​នេះ នៅតែ​លោក ហ៊ុន សែន ស្ដារ​មិន​បានទេ គឺ​កុំ​សង្ឃឹមថា សហភាព​អឺរ៉ុប នឹង​បន្ធូរបន្ថយ​ឱ្យ​លោក ហ៊ុន សែន ឱ្យ​សោះ»។

លោក Brad Adams មាន​សុទិដ្ឋិនិយម​ថា លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើងវិញ ឆាប់ៗ ព្រោះ​សម្ពាធ​អន្តរជាតិ​កាន់តែ​ខ្លាំង​ណាស់​ហើយ​។ ម្យ៉ាងទៀត បើ​លោក ហ៊ុន សែន មិន​ដោះលែង​លោក កឹម សុខា ឆាប់ៗ និង​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​ទេ លោក​ថា កម្ពុជា​ចៀស​មិន​ផុត ពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​អាច GSP របស់​អាមេរិក ជាក់​ជាមិនខាន៕

មួង ណារ៉េត
2019-03-09

Laisser un commentaire

Votre adresse de messagerie ne sera pas publiée. Les champs obligatoires sont indiqués avec *

Vous pouvez utiliser ces balises et attributs HTML : <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Current ye@r *